Header Ads

Seo Services

ចំណុចដែលបុរសៗ លង់ស្រលាញ់នារីទាំងមិនដឹងខ្លួន ជាជាងរូបសម្រស់ខាងក្រៅរបស់នាង!

ជាការពិតណាស់ ជាទូទៅមនុស្សស្រីភាគច្រើនតែងតែគិតថា បុរសៗច្បាស់ជាស្រលាញ់ចូលចិត្តមនុស្សស្រីណា ដែលមានរូបសម្រស់ស្រស់ស្អាត ដងខ្លួនស្រលូន សាច់សខ្ចី បង្កប់នូវភាពស៊ិចស៊ី ជាទីទាក់ទាញក្នុងក្រសែភ្នែកជាមិនខាន។ ហើយនេះក៏ជាចំណុចមួយ ដែលធ្វើឲ្យសុភាពនារីជាច្រើន តែងចង់ព្យាយាមផ្លាស់ប្តូរខ្លួនឯង ទទួលបាននូវរូបរាងស្រស់ស្អាត ដើម្បីឲ្យបុរសៗចាប់អារម្មណ៍ សម្លឹងមើលឃើញពួកគេផងដែរ។

ប៉ុន្តែអ្នកដែរធ្លាប់គិតទេថា ប្រសិនបើបុរសៗទាំងអស់ សម្លឹងមើលឃើញតែនារីស្អាតៗមែននោះ ចុះហេតុអ្វីបានជាមានបុរសសង្ហាៗមួយចំនួនខ្លះ មានសង្សារ មានភរិយាជាមនុស្សស្រីធម្មតា ឬអាចនិយាយបានថា ជានារីមិនសូវស្អាតទៅវិញ ឬមួយក៏នាងជានារីដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ទើបបានជាបុរសៗសម្លឹងមើលឃើញបែបនេះ?

ដូច្នេះខាងក្រោមនេះគឺជាចំណុចមួយចំនួន ដែលអាចទាក់ទាញចិត្ត ធ្វើឲ្យបុរសៗលង់ស្នេហ៍ លើមនុស្សស្រីដកខ្លួនមិនរួច បើទោះបីជានាងមានរូបសម្ផស្សស្រស់ស្អាត ឬមិនស្អាតបែបណាក្តី ក្រោមហេតុផលប៉ុន្មានចំណុចនេះ៖

១. ជានារីចេះធ្វើដំណើរផ្សងព្រេង



មនុស្សប្រុសខ្លះមិនចូលចិត្តមនុស្សស្រីទន់ខ្សោយពេកទេ។ ព្រោះជាទូទៅ បុរសៗភាគច្រើនតែងស្រលាញ់ចូលចិត្ត មនុស្សស្រីណាដែលរឹងមាំតែទន់ភ្លន់ អាចពឹងផ្អែកលើខ្លួនឯងបាន ហើយធ្វើអ្វីដែលប្លែកៗគួរឱ្យចាប់អារម្មណ៍ បង្ហាញពីភាពក្លាហានដែលនាងមាន ដោយមិនចាំបាច់ពឹងផ្អែកលើមនុស្សប្រុសទាំងស្រុង។ ឧទាហរណ៍ដូចជា ឡើងភ្នំ ចេះចែវទូក ជិះស្គី និងសកម្មភាពផ្សងព្រេងជាច្រើនផ្សេងទៀត -ល- ។ បើសិនជាមនុស្សស្រីមានចំណុចមួយនេះ នាងប្រាកដជាមានពិន្ទុលើសមនុស្សស្រីដទៃជាមិនខាន។

២. ជានារីចេះសម្របសម្រួល

ការឈ្លោះទាស់ទែងគ្នាជារឿងធម្មតានៃចំណាងស្នេហា និងមិត្តភាព។ ប៉ុន្តែការចចេសរឹងរូសវាមិនល្អសម្រាប់ចំណងស្នេហានោះទេ វាអាចធ្វើឱ្យមានបញ្ហាកាន់តែធំឡើង រហូតឈានទៅរកភាពប្រេះឆាបានផងដែរ។ ដូច្នេះមនុស្សប្រុសប្រាកដជាពេញចិត្ត និងចង់បាននារីម្នាក់ចូលក្នុងជីវិតរបស់គេ ចេះសម្របសម្រួល និងព្យាយាមដោះស្រាយជម្លោះរាល់គ្រប់បញ្ហា ដោយសន្តិវិធីជាជាងការងរង៉ក់ ឬឈ្លោះប្រកែកគ្នាជាដើម។

៣. ជានារីមានភាពជឿជាក់លើខ្លួនឯង

មិត្តប្រុសដែលល្អប្រាកដជាចង់ ផ្តល់អារម្មណ៍ពិសេសសម្រាប់មិត្តស្រីរបស់ខ្លួនជាមិនខាន។ ប៉ុន្តែមនុស្សស្រីដែលមានមន្តស្នេហ៍ពិតប្រាកដនោះ ជានារីដែលមានជំនឿចិត្តលើខ្លួនឯងខ្ពស់ និងដឹងអំពីតម្លៃពិតប្រាកដរបស់ខ្លួនឯង ដោយមិនចាំបាច់ចង់លឺសម្តីសសើរ ឬបញ្ជោរចេញពីមាត់មនុស្សប្រុសផ្ទាល់នោះទេ។ទោះជាមនុស្សប្រុសស្រលាញ់ មនុស្សស្រីមុខមាត់ស្អាតបាត និងមានរូបរាងគួរជាទីចូលចិត្តយ៉ាងណាក៏ដោយ តែបើមនុស្សស្រីម្នាក់នោះ មិនមានភាពជឿជាក់លើខ្លួនឯងទេ និងចាំតែឲ្យមនុស្សប្រុសសរសើរ ឬបញ្ជោរពីនាងនោះ វាក៏ប្រហែលជាអាចធ្វើឲ្យមនុស្សប្រុស ដកថយចិត្តចេញពីមនុស្សស្រីម្នាក់នោះ ទៅរកនារីផ្សេងដែលគេចេះស្រលាញ់ និងមានភាពជឿជាក់លើខ្លួនឯងវិញក៏ថាបានដែរ។

៤. ជានារីចេះទុកចិត្តគ្នាទៅវិញទៅមក

នៅក្នុងទំនាក់ទំនងស្នេហា មនុស្សប្រុសក៏មិនចូលចិត្តមនុស្សស្រី ដែលសង្ស័យច្រើន សួរនាំច្រើន ឃ្លាំមើលគ្រប់ជំហាន សឹងតែ២៤ម៉ោង និងទូរស័ព្ទតាមគ្រប់ពេលវេលានោះទេ។ ការធ្វើបែបនេះមានតែការសង្ស័យ ប្រចណ្ឌ មិនទុកចិត្តគ្នាដែលជាហេតុធ្វើឲ្យមានជម្លោះ និងប្រេះឆាតែប៉ុណ្ណោះ។មនុស្សម្នាក់ៗសុទ្ធតែមានពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ មិត្តភក្តិ និងសម្រាប់ខ្លួនឯងផ្ទាល់។ ដូច្នេះមនុស្សប្រុសតែងតែ ចូលចិត្តមនុស្សស្រីដែលមានការទុកចិត្ត ជឿជាក់ និងមានភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។

៥. ជានារីដែលចេះលេងសើច

ទោះជាមនុស្សប្រុសចូលចិត្តមនុស្សស្រីស្អាត តែនាងក៏មិនអាចយកឈ្នះបេះដូងមនុស្សប្រុសបានឡើយ ប្រសិនណាជានាងមិនចេះធ្វើឲ្យមនុស្សប្រុសនោះសើច ឬមានភាពរីករាយពេលដែលនៅក្បែរខ្លួននាង។ ភាពសប្បាយរីករាយ ស្នាមញញឹម សំឡេងសើចជាមធ្យោបាយបន្ធូរបន្ថយភាពតានតឹង និងធ្វើឲ្យមនុស្សប្រុសមានសេចក្តីសុខក្នុងចិត្ត ធ្វើឲ្យមនុសុ្សស្រីអាចយកឈ្នះចិត្តបុរសៗ លង់ស្រលាញ់បានយ៉ាងងាយ។

៦. ជានារីដែលទទួលយកគុណវិបត្តិ ឬចំណុចខ្វះខាតរបស់មនុស្សប្រុស

ជឿថាគ្មានមនុស្សណាម្នាក់ ដែលមានភាពឥតខ្ចោះនោះទេនៅលើលោកនេះ។ ដូច្នេះមនុស្សប្រុសប្រាកដជាស្រលាញ់ពេញចិត្ត នារីណាដែលអាចទទួលយកចំណុចខ្វះខាតពីខ្លួនបាន និងមិនបង្ខំឲ្យខ្លួនផ្លាស់ប្តូរ (ថាត្រូវធ្វើអីុចេះឬធ្វើអីុចុះ) ឬមានការរិះគន់ហួសហេតុ ចំពោះចំណុចមិនល្អរបស់ខ្លួនឡើយ។
មនុស្សស្រីដែលមានចរិតលក្ខណៈចេះយល់ចិត្ត ចេះផ្តល់កម្លាំងចិត្ត និងអាចទទួលយកកំហុស ឬចំណុចខ្វះខាតរបស់មនុស្សប្រុសបាន គឺជាមន្តស្នេហ៍ដ៏ទាក់ទាញបំផុតមួយ ដែលមនុស្សប្រុសគ្រប់រូបប្រាថ្នាចង់បានពីដៃគូស្នេហារបស់គេ។

៧. ជានារីដែលមិនចេះដ្រាមម៉ា (Drama)

ទោះជាជីវិតមនុស្សម្នាក់ៗ មិនទៀងទាត់ម្តងឡើងម្តងចុះយ៉ាងណាក៏ដោយ មនុស្សប្រុសប្រាកដជាមិនពេញចិត្តឡើយចំពោះមនុស្សស្រី ដែលចូលចិត្តបញ្ចេញ ឬបង្ហាញអារម្មណ៍ខ្លួនឯងគ្រប់ពេលវេលា ហួសហេតុពេកនោះឡើយ។ មនុស្សស្រីដែលចេះលាក់ទុកអារម្មណ៍ ចេះគិតវែងឆ្ងាយ ចេះកែខៃបញ្ហាពីធំមកតូចជាមនុស្សស្រី ដែលងាយនឹងធ្វើឲ្យមនុស្សប្រុសលង់ស្រលាញ់ជាទីបំផុត។

៨. ជានារីដែលចេះផ្តល់ភាពកក់ក្តៅ

មនុសុ្សប្រុសចូលចិត្តមនុស្សស្រីណាដែលចិត្តល្អ រួសរាយ ចិត្តទូលាយ មានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួន មិនត្រឹមតែចំពោះខ្លួនគេ (មនុស្សប្រុស) តែម្នាក់ប៉ុណ្ណោះទេ គឺរួមទាំងក្រុមគ្រួសារ និងមិត្ភភក្តិរបស់គេផងដែរ។ មនុស្សស្រីដែលចេះផ្តល់ភាពកក់ក្តៅ ដល់មនុស្សប្រុសនិងអ្នកនៅជុំវិញខ្លួន ជាហេតុងាយនឹងធ្វើឲ្យមនុស្សប្រុស ចិត្តទន់បាក់ស្រិបដោយមិនដឹងខ្លួន។

៩. ជានារីមានភាពច្នៃប្រឌិត

ទំនាក់ទំនងស្នេហាដែលមានតែភាពថ្មីៗប្លែកៗ មិនមានភាពច្រំដែល នោះនឹងធ្វើឲ្យទំនាក់ទំនងស្នេហានៅតែមានភាពឋិតថេរ គង់វង្សនិងយូរអង្វែង។ មនុស្សស្រីដែលចេះបង្កើតភាពភ្ញាក់ផ្អើល និងធ្វើអ្វីជាទីចាប់អារម្មណ៍ ដល់មនុស្សប្រុសឲ្យមានភាពរីករាយ ជាគន្លឹះអាចយកឈ្នះបេះដូងមនុស្សប្រុសបាន ដោយមិនបាច់គិតពីរូបសម្បត្តិខាងក្រៅជាធំ។

១០. ជានារីចេះធ្វើការសម្រេចចិត្ត

មនុស្សប្រុសគ្មានអ្វីតឹងតែងអារម្មណ៍ ជាងពេលដែលមិត្តស្រីរបស់ខ្លួន មិនចេះសម្រេចចិត្តដោយខ្លួនឯងតាំងពីរឿងតូចតាចឡើង ដូចជារឿងកន្លែងដើរលេង ឬកន្លែងញ៉ាំអីជាដើមនោះទេ។ ប្រសិនជាអ្នកជាមនុស្សស្រី ដែលចេះសម្រេចចិត្តច្បាស់លាស់ដោយខ្លួនឯង និងចេះដឹងចិត្តពីអ្វីដែលមនុស្សប្រុសចង់បាន ដោយមិនបាច់ចាំតែសួរនាំ គ្រាន់តែរឿងកំប៉ិកកំប៉ុកនោះ ទើបជាចំណុចមួយដែលបុរសងាយនឹងលង់ស្រលាញ់លើអ្នក។

១១. ជានារីដែលពូកែធ្វើម្ហូប

ចាស់បុរាណចូលចិត្តណែនាំមនុស្សស្រីថា ចង់បានបេះដូងមនុស្សប្រុស ជាដំបូងត្រូវចាប់ក្រពះគេជាមុនសិន។ ពាក្យនេះទោះជាស្តាប់ទៅបុរាណ និងហួសសម័យបន្តិចមែន តែជឿថានៅតែមានឥទ្ធិពលនៅក្នុងសម័យនេះ ជាពិសេសក្នុងចិត្តមនុស្សប្រុសតែម្តង។ អ្នកជាមនុស្សស្រី គួរណាស់ក៏ត្រូវរៀនចេះធ្វើមុខម្ហូបងាយៗ ឲ្យចេះបានប៉ុន្មានមុខដែរ ជាពិសេសធ្វើសម្រាប់មនុស្សប្រុសជាទីស្រលាញ់។ ប្រសិនបើអ្នកជាដៃគូស្នេហាជាមួយគាត់ អ្នកច្បាស់ជាដឹងថាគាត់ចូលចិត្ត អាហារបែបណាជាមិនខាន។ នៅពេលបុរសបានញ៉ាំម្ហូប ដែលស្នាដៃរបស់មនុស្សស្រី បុរសៗនឹងមានអារម្មណ៍ថារំភើប អាចនឹកដល់បងប្អូនគ្រួសាររបស់គេ ដែលធ្លាប់ធ្វើឲ្យគេញ៉ាំជាមិនខាន ហើយគេនឹងងាកមកសរសើរអ្នក (មនុស្សស្រី) ព្រមទាំងស្រមៃថាអ្នកនឹងអាចជានារីដ៏ល្អម្នាក់ សម្រាប់ជីវិតគូអនាគតដកចិត្តមិនរួចបានថែមទៀតផង។

១២. ជានារីដែលចេះបើកបរ

ទោះជាមនុស្សប្រុសមិនសូវចូលចិត្ត ឬត្អូញត្អែរពីការបើកឡានរបស់មនុស្សស្រីក៏ដោយ ប៉ុន្តែក្នុងសម័យនេះទៅហើយ មនុស្សស្រីដែលចេះបើកឡានស្ទាត់ជំនាញ បានក្លាយទៅជាមន្តស្នេហ៍ដ៏ទាក់ទាញចិត្ត របស់មនុស្សប្រុសម្យ៉ាងដែរ។ មនុស្សប្រុសប្រាកដជាសប្បាយចិត្ត និងមានមោទនភាពជាមិនខាន នៅពេលដែលមានមនុស្សស្រីពូកែដូចជាអ្នកមកធ្វើជាគូស្នេហ៍។

១៣. ជាខ្លួនឯងពិតប្រាកដ មិនលាក់ពុត

មនុស្សប្រុសមួយចំនួនចូលចិត្តអ្វីដែលជាលក្ខណៈធម្មជាតិរបស់មនុស្សស្រី និងអត្តចរិតផ្ទាល់ខ្លួនរបស់នាង ដោយមិនមានការក្លែងបន្លំ ឬលាក់ពុត។ ព្រោះភាពពិតពីធម្មជាតិរបស់មនុស្សស្រី ដូចជាចូលចិត្តលេងសើច ញ៉េះញ៉ោះ គួរឲ្យក្នាញ់ (តែមានព្រំដែនកំណត់) ដូច្នេះជឿជាក់លើខ្លួនឯង ថាមិនត្រូវចរិតលេងសើចច្រើន ឬការច្រៀងរាំលេងជាចរិតរបស់ខ្លួនឯងផ្ទាល់ ក៏ជាចំណុចទាក់ទាញមួយផងដែរ ក្នុងក្រសែភ្នែករបស់មនុស្សប្រុស អាចខាបយកបេះដូងបុរសៗបានដោយមិនដឹងខ្លួនផងដែរ។

១៤. ជានារីពោរពេញដោយក្តីស្រលាញ់ និងយកចិត្តទុកដាក់

មនុស្សស្រីដែលជាភាពទាក់ទាញ ក្នុងក្រសែភ្នែករបស់សុភាពបុរស នាងគឺជានារីដែលចូលចិត្តបង្ហាញពីក្តីស្រលាញ់ និងការយកចិត្តទុកដាក់ ទៅកាន់មនុស្សនៅជុំវិញខ្លួន ឬចំពោះបុរសជាគូស្នេហ៍តែម្តង មិនមែនគ្រាន់តែប្រើពាក្យថា «អូនស្រលាញ់បង» ច្រើនដងពេកនោះទេ។ ព្រោះកាលដែលអ្នកនិយាយបែបនេះដដែលៗ អាចធ្វើឲ្យមនុស្សប្រុសធុញទ្រាន់ រំភើបបានតែមួយឆាវ និងពិបាកទទួលយកទៅវិញទេ។
ត្រូវចាំថាអំពើ (សកម្មភាព) មានប្រសិទ្ធភាពជាងពាក្យសម្តី។ ចូរបង្ហាញការយកចិត្តទុកដាក់ ដឹងទុក្ខធុរៈរបស់មនុស្សប្រុស។ ឧទាហរណ៍ដូចជា៖ ពេលដែលគាត់ឈឺ ទិញថ្នាំឲ្យញ៉ាំ តឿនឲ្យលេបថ្នាំ ញ៉ាំអាហារឲ្យទៀងទាត់ មើលថែទាំជាពិសេស។ ការបារម្ភថែរក្សា និងការយល់ចិត្ត បានក្លាយជាមន្តស្នេហ៍ដែលធ្វើឲ្យគាត់ពេញចិត្ត លើអ្នកស្រលាញ់ដកចិត្តមិនរួចតែម្តង។

១៥. ជានារីដែលមានភាពរឹងមាំ

ទោះបីជាចរិតពិតរបស់មនុស្សស្រី ទន់ខ្សោយក៏ពិតមែន តែក៏មិនមែនចេះតែផ្តេកផ្តួលទាំងស្រុងលើគេដែរ។ មនុស្សស្រីដែលមានភាពរឹងមាំ អាចមើលថែខ្លួនឯងបាន ដោយមិនបាច់ចាំពឹងមនុស្សប្រុសគ្រប់ពេលវេលា បានក្លាយជាមន្តស្នេហ៍ទាក់ទាញមួយផ្នែកធំ។
ពោលគឺមានន័យថា អ្នកជានារីម្នាក់ដែលរឹងមាំ មិនថាស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក្តី អ្នកនៅតែជានារីដែលអត់ទ្រាំបាន និងមានតែស្នាមញញឹម ប៉ុន្តែមិនមែនរឹងក្បាលនោះទេ។ ពេលខ្លះអ្នកក៏គួរត្រូវបង្ហាញ ពីភាពទន់ជ្រាយម្តងម្កាលរបស់ខ្លួនឯង ឲ្យមនុស្សប្រុសបានឃើញ ដើម្បីឲ្យគេជួយយកអាសារអ្នកវិញផងដែរ។ ព្រោះបុរសៗតែងគិតថា ខ្លួនគេគឺជាប្រុសរឿងអីថាជួយនារីល្អ ជាទីស្រលាញ់របស់ខ្លួនមិនកើតនោះ ៕


ចំណុចដែលបុរសៗ លង់ស្រលាញ់នារីទាំងមិនដឹងខ្លួន ជាជាងរូបសម្រស់ខាងក្រៅរបស់នាង! ចំណុចដែលបុរសៗ លង់ស្រលាញ់នារីទាំងមិនដឹងខ្លួន ជាជាងរូបសម្រស់ខាងក្រៅរបស់នាង! Reviewed by Chhou on 6:43 PM Rating: 5

No comments

Recent Posts